ភ្នំពេញ : តារាទឹកភ្នែកល្បីឈ្មោះ នី មុនីនាថ បានវិវត្តពីតារាសម្ដែងកម្សត់ ទៅជាតួអង្គកាចសាហាវ ដោយនាងទើបទទួលបានកុងត្រាថ្មីថតឲ្យផលិតកម្មសាន់ដេ ក្នុងរឿងវិទ្យាសាស្ត្រក្រោមចំណងជើងថា «ព្រាយដែកគោល» ហើយរូបនាងបានតំណែងជាតួអង្គព្រាយតែម្ដង ធ្វើឲ្យនាងហេងហាងចិត្តមិនតិចនោះទេជាមួយនឹងបទពិសោធថ្មីមួយ នេះ។
តារាវ័យ២០ឆ្នាំ នី មុនីនាថ កំពុងតែមានទីផ្សារខ្ពស់ នាពេលចុងក្រោយ ពោលគឺក្នុងពេល ដែលតួស្រីភាគច្រើនគេងអេះពោះ គ្មានការងារថតនោះ នាងបែរជាក្រសោបបានតំណែងក្នុងវិស័យភាពយន្ត និងការងារថតចម្រៀងខារ៉ាអូខេបានឲ្យរដឹក។
ពាក់ព័ន្ធនឹងតំណែងជាតួព្រាយដែកគោល ដែលនឹងដំណើរការថតនៅចុងខែធ្នូនេះ ទោះជា នី មុនីនាថ មិនបានគ្រងតំណែងជាតួឯក ដែលធ្លាក់ទៅលើតារាចម្រៀង សុខ ពិសី ទៅហើយក្ដី ក៏តារាសម្ដែងរូបនេះ ពិតជាមានសំណាងមិនធម្មតាដែរ ខណៈដែលវាគឺជាខ្សែភាពយន្តធំ ដែលសាន់ដេ គ្រោងចំណាយទុនយ៉ាងហោចដប់ម៉ឺនដុល្លារជាលើកដំបូង ព្រមជាមួយនឹងការបំពាក់ឧបករណ៍ ក៏ដូចជាជួលអ្នកជំនាញផ្នែកភាពយន្តពីបរទេស មកធ្វើរឿងនេះឲ្យល្អឥតខ្ចោះនោះ។
តារាដែលត្រៀមខ្លួន រួចរាល់ ក្នុងការដំឡើងភ្នែកធំៗ ដើម្បីចេញសម្ដែងជាព្រាយកាចសាហាវរូបនេះ ថ្លែងថា៖ «ចំពោះសាច់រឿងទាំងមូលខ្ញុំដឹងតិចណាស់ ព្រោះខាងក្រុមហ៊ុនចង់លាក់ និងម្យ៉ាងឲ្យដឹងត្រឹមតែឈុតដែលពាក់ព័ន្ធនឹងឈុតរបស់ខ្ញុំ»។
តារារូបនេះ អះអាងថា ក្នុងរឿងនេះ នាងនឹងដើរតួជានារីម្នាក់ ដែលមានព្រាយចូល ហើយត្រូវក្លាយជាវិញ្ញាណអសុរកាយ ដែលកាចសាហាវ តែដោយមានអ្នកចេះបារមីម្នាក់ដឹងវិធីសាស្ត្របង្ក្រាប ក៏ដំដែកគោលចំកណ្ដាលក្បាលនាង ហើយសណ្តំព្រលឹងព្រាយឲ្យលែងមានឥទ្ធិពលនៅក្នុងខ្លួននាង ធ្វើឲ្យនាងប្រែក្លាយជានារីសាមញ្ញម្នាក់ ដែលអាចរស់នៅបានធម្មតាដូចគេដូចឯង។ ប៉ុន្តែ ដោយមានពេលមួយ ស្រាប់តែកូនស្រីនាង ដែលមិនដឹងរឿងច្រឡំដកដែកគោលនោះចេញ ទើបធ្វើឲ្យនាងប្រែក្លាយជាតួអង្គអសុរកាយដូចដើម។
នាងបានថ្លែងឲ្យដឹងថា៖ «តាមខ្ញុំមើលសាច់រឿងត្រួសៗ គឺខ្ញុំត្រូវដើរតួជាតារាទឹកភ្នែកផង ជាព្រាយកាចសាហាវផង អ៊ីចឹងហើយទើបខ្ញុំគិតថា មិនសូវមានអ្វីខុសប្លែកគ្នា ពីរឿងដែលខ្ញុំសម្ដែងមុនៗទេ»។
លោក ឡាយ សុខចំរើន អ្នកចាត់ការទូទៅប្រចាំផលិតកម្មសាន់ដេ បដិសេធមិនផ្ដល់ព័ត៌មានលម្អិត ជុំវិញសាច់រឿងទាំងមូល ក្នុងរឿងវិទ្យាសាស្ត្រលើកដំបូងនេះទេ ប៉ុន្តែលោកអះអាងថា រឿងនេះពិតជាមានការចំណាយខ្ពស់ ព្រោះមានឈុតច្រើន ដែលត្រូវចេញទៅថតដល់សិង្ហបុរី និងប្រទេសជិតខាង។
អ្នកគ្រប់គ្រងរូបនេះ បញ្ជាក់ត្រឹមថា មូលហេតុនៃការជ្រើសយក នី មុនីនាថ ឲ្យសម្ដែងជាតួព្រាយ ព្រោះក្នុងខ្សែរឿងនោះ មានឈុតច្រើន ដែលតម្រូវឲ្យនាងស្រក់ទឹកភ្នែក ក្នុងពេលបារមីដែកគោលសណ្តំជាប់វិញ្ញាណដែលស្ថិតនៅក្នុងខ្លួននាង។ ស្របពេលដែលតារារូបនេះ មានរង្វង់ភ្នែកធំៗ ដែលស័ក្ដិសមក្នុងការដំឡើងពេលត្រូវសម្ដែងជាតួអង្គព្រាយផង ទើបក្រុមហ៊ុនសម្រេចផ្ដល់កុងត្រានេះជាមួយនាង។ លោកមិនអាចកំណត់កាលបរិច្ឆេទ នៃការបញ្ចប់សាច់រឿងបានទេ ដោយសារការថតត្រូវគោរពតាមបែបផែនពីក្រុមអ្នកបច្ចេកទេសដែល សាន់ដេ ទាក់ទងឲ្យមកផលិត។
ទោះជាយ៉ាងណា រឿង «ព្រាយដែកគោល»នេះ នឹងមានគុណភាពអស្ចារ្យដូចនឹងខ្សែភាពយន្ដបរទេស ឬយ៉ាងណានោះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ខណៈដែលពេលផលិតកម្មសាន់ដេ ផលិតរឿង «អង្គុលីមាលី» កាលពីប៉ុន្មានឆ្នាំមុននោះ ក៏បានអះអាងថា ឥតខ្ចោះដូចគ្នា តែដល់ពេលចាក់បញ្ចាំងបែរជានៅតែឃើញមានភាពខ្វះចន្លោះ។
លោកឡាយ សុខចំរើន ថ្លែងថា៖ «ការផលិតរឿងពេលនេះ មិនអាចប្រដូចគ្រាមុនបានទេ ដោយសារពេលនេះ ក្រុមហ៊ុនហ៊ានចំណាយលុយធំ និងមានឧបករណ៍ ក៏ដូចជាអ្នកជំនាញច្បាស់លាស់ក្នុងការផលិត។ ស្របពេលដែលក្រុមហ៊ុន ក៏មិនអាចឲ្យតារាឯកគឺលោក ខេមរៈ សិរីមន្ត និង សុខ ពិសី ធ្លាក់ទឹកក្រោយពេលខ្សែរឿងនឹងចេញបញ្ចាំងនៅចុងឆ្នាំក្រោយ ឬដើមឆ្នាំ ២០១២ ខាងមុខនោះ ទើបលោកអះអាងថា រឿងនេះពិតជាខ្សែរឿងដែលល្អបំផុតនៅកម្ពុជា៕